ច្បាប់ចរាចរណ៍ Part3
មាត្រា ១៤
អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយបានទេ។ អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល ឬក្បួនដង្ហែជាជួរផ្សេងៗ។
មាត្រា ១៥
- បែបបទនៃការសណ្ដោងត្រូវអនុវត្តតាមបញ្ញត្តិដូចខាងក្រោម:
- ចំពោះការថ្ពក់សណ្ដោងយានជំនិះ អ្នកបើកបរត្រូវប្រើខ្សែកាប ឬដងដែក ឬឧបករណ៍សម្រាប់ថ្ពក់ដែលធានាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន
- ហាមអ្នកបើកបរប្រើខ្សែសណ្ដោងចំពោះយាន ដែលមានទម្ងន់សរុបលើសពី ៥តោន ឡើងទៅ
- ហាមអ្នកបើកបរ សណ្ដោងយានលើសពីមួយគ្រឿង ឬសណ្ដោងយាន ដែលមានសណ្ដោងរ៉ឺម៉ក់ ឬ សឺមីរ៉ឺម៉ក់
- ហាមសណ្ដោងទោចក្រយាន ឬ ទោចក្រយានយន្ត
- ហាមអ្នកបើកបរសណ្ដោងរថយន្តគ្រប់ប្រភេទ ដែលមានអ្នកដំណើរនៅក្នុងនោះ ក្រៅពីអ្នកកាន់ចង្កូត
- រថយន្តដែលមានសណ្ដោងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ត្រូវមានសញ្ញាត្រីកោណសមបាតដែលមានកញ្ចក់ចាំងពន្លឺពណ៌លឿងពីរ ដាក់នៅកាងរថយន្តខាងមុខអមសងផ្លាកលេខ។
បច្ចេកទេសនៃការថ្ពក់សណ្ដោងរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ និងការដោះរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់ចេញពីរថយន្ត ឬក្បាលរថយន្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ១៦
- នៅកន្លែងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះប្រភេទផ្សេងៗពីរថយន្តក្រុង ត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្តក្រុងចេញ ចូល ឬឈប់បានដោយងាយស្រួល។
មាត្រា ១៧
- ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមលក្ខ័ខ័ណ្ឌ ដូចមានចែងខាងក្រោមនេះ:
១-ល្បឿនបើកបរសម្រាប់យានជំនិះទូទៅ:
ក-នៅក្នុងទីប្រជុំជន:
- អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
- អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះប្រភេទរថយន្តគ្រប់ប្រភេទ។
ខ-នៅក្រៅទីប្រជុំជន:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានយានដែលមានសណ្ដោងរ៉ឺម៉ក់ ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
២-ល្បឿនបើកបរសម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់:
ក-នៅក្នុងទីប្រជុំជន:
- អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត ត្រូវប្រើល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ-នៅក្រៅទីប្រជុំជន:
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៧០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្ត ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន និងលើសពី ៣,៥ តោនចំពោះរថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំងទប់ទល់នឹងភាពគាំងកង់។
ល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានដែលមានទម្ងន់សរុបអតិបរមាលើស៣,៥ តោន ដែលគ្មានប្រព័ន្ធហ្រ្វាំងទប់នឹងភាពគាំងកង់។
៣-ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ :
ក-នៅក្នុងតំបន់ប្រជុំជន:
អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រើល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ-នៅក្រៅតំបន់ប្រជុំជន :
អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្ដោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៤-ល្បឿនបើកបរសម្រាប់យានជំនិះ មានសិទ្ធិអាទិភាព:
បទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី ១ ចំណុចទី ២ និងចំណុចទី ៣ នៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កងអាវុធហត្ថ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរស័ព្ទ ភ្លើងសញ្ញា ពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ។
អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតី ដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើឱ្យរំខានដល់យានជំនិះដទៃទៀតទេ។ អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវបើកបរអែបទៅខាងស្ដាំ ដើម្បីទុកឱ្យអ្នកបើកបរដែលប្រើល្បឿនលឿនជែងពីខាងឆ្វេងដៃ បានដោយងាយស្រួល។ អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឱ្យយឺតខុសប្រក្រតី ត្រូវឱ្យដំណឹងដល់អ្នកបើកបរផ្សេង ទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ហើយត្រូវបើកបរអែបទៅខាងស្ដាំបំផុតនៃទ្រូងផ្លូវ។
មាត្រា១៨
- ក្នុងគ្រប់ករណីអ្នកបើកបរត្រូវម្ចាស់ការលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមសណ្ឋានភូមិសាស្ត្រ សភាពផ្លូវ ស្ថានភាពអាកាសធាតុ សភាពចរាចរណ៍ ស្ថានភាពយាន និងការផ្ទុករបស់យាន ដើម្បីអាចបញ្ឈប់យានបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។
អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីដូចខាងក្រោម:
១-នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត។
២-នៅពេលជៀស ឬ ជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬ រថយន្តដឹកជញ្ជូនកុមារដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។
៣- ពេលទៅជិតដល់ស្ពាន ឬ ជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
៤- នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញ បានឆ្ងាយ និងច្បាស់។
៥- នៅពេលប្ដូរទិសចរាចរណ៍។
៦- នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។
៧- នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំណោត។
៨- នៅពេលជៀស ឬជែង ក្បួនយានកំពុងឈប់ ឬនៅពេលជៀស ឬជែងក្បួនដង្ហែផ្សេងៗ។
៩- នៅពេលមានវត្ថុច្រងេងច្រងាង ឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។
១០- ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាឱ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់។
១១- កាលណាមានយានជំនិះរបស់នគរបាល យោធា ឬអាវុធហត្ថ យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តដែលមានបន្លឺសូរស័ព្ទ ឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកអែបមកខាងស្ដាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចទៅបាន ដើម្បីសម្រួលផ្លូវឱ្យយានទាំងនេះធ្វើដំណើរទៅមុខ ដោយសុវត្ថិភាព។
១២- នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតនៅក្បែរផ្លូវមិនលើសពី ៥០ម៉ែត្រ។
មាត្រា១៩
- យានជំនិះមួយដែលធ្វើចរាចរណ៍នៅពីក្រោយយានជំនិះមួយផ្សេងទៀត ត្រូវរក្សាទុក ចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះទង្គិចនៅពេលដែលយានជំនិះខាងមុខបន្ថយល្បឿន ឬឈប់ដោយចៃដន្យ។ ត្រូវរក្សាឱ្យកាន់តែវែងចន្លោះសុវត្ថិភាពនេះ នៅពេលដែលល្បឿនយានកាន់តែលឿន។ នៅក្រៅទីប្រជុំជន យានជំនិះទាំងឡាយដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន ឬមានបណ្ដោយយានវែងលើសពី ៧ ម៉ែត្របើកបរបន្តគ្នាក្នុងល្បឿនដូចគ្នា ចម្ងាយចន្លោះពីយានមួយទៅយានមួយ ត្រូវឃ្លាតគ្នាយ៉ាងតិច ៥០ ម៉ែត្រ។
មាត្រា២០
- ក្នុងការជែង អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម:
១- អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នានៅខាងឆ្វេង។ ប៉ុន្តែអ្នកបើកបរអាចជែងខាងស្ដាំបាន បើសិនជាអ្នកបើកបរយានដែលត្រូវគេជែងនោះ បាននឹងកំពុងធ្វើសញ្ញាប្ដូរទិសខាងឆ្វេង ហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។
២- មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះឥតបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយត្រូវអនុវត្តដូចខាងក្រោម:
ក- ឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ។
ខ- គ្មានអ្នកបើកបរយានជំនិះណាមួយ ដែលនៅពីក្រោយខ្លួនចាប់ផ្ដើមសុំជែងខ្លួន។
គ- គ្មានឱ្យសញ្ញាសុំជែងយានផ្សេងទៀត ពីអ្នកបើកបរយានជំនិះខាងមុខខ្លួន។
ឃ- ត្រូវដឹងច្បាស់ថាល្បឿនសមាមាត្ររវាងយានទាំងពីរ អាចឱ្យជែងក្នុងរយៈពេលខ្លីបំផុតបាន។
ង- ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្ដូរទិសខាងឆ្វេង ហើយក្នុងករណីចាំចាច់ ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែក្នុងទីប្រជុំជន ដែលការប្រើប្រាស់ស៊ីផ្លេសុំជែង ត្រូវហាមឃាត់។
ច- ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយ និងខាងមុនបានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។
៣- អ្នកបើកបរយានខាងមុខនៅពេលដឹងថាយានខាងក្រោយសុំជែងត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ឬលើកដៃឆ្វេងឡើងលើបត់ទៅស្តាំ និងបន្ថយល្បឿនអែបទៅខាងស្ដាំ ជាសញ្ញាឲ្យអ្នកបើកបរយានខាងក្រោយដែលសុំជែងដឹងថាអាចជែងបាន។
ក្នុងករណីអ្នកបើកបរខាងមុខពិនិត្យឃើញថា នៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ ត្រូវធ្វើសញ្ញាប្តូរទិសខាងឆ្វេង ឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅត្រង់ទៅខាងក្រៅ ជាសញ្ញាឲ្យដឹងថា ការជែងពុំទាន់អាចធ្វើទៅបានទេ។
៤- នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិច ១ ម៉ែត្រ។
៥- នៅលើទ្រូងផ្លូវគ្មានគំនូសបង្ហូត អ្នកបើកបរយានអាចជែង ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងទៀតបាន លុះត្រាតែទង្វើនេះមិនធ្វើឱ្យមានគ្រោះថ្នាក់ ឬរំខានដល់យានដែលបើកបរផ្ទុយនឹងទិសរបស់ខ្លួន។
៦- នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំវិញ ដើម្បីឱ្យដំណឹងថា ខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍របស់ខ្លួនវិញ។
៧- ក្នុងករណីទ្រូងផ្លូវ មានគន្លងផ្លូវច្រើនតាមទិសចរាចរណ៍តែមួយសម្រាប់ទិសដៅផ្សេងគ្នា យានស្ថិតនៅគន្លងណាមួយបើកបរលឿនជាងយាននៅគន្លងណាមួយទៀតមិនចាត់ទុកជាការជែងឡើយ។
ហាមជែងគ្នា នៅក្នុងករណីខាងក្រោម:
- ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែងគ្នា)
- នៅកន្លែងមានសញ្ញាហាមជែង
- នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួល លើកលែងតែការជែងនេះអាចចាត់ទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេង គំនូសបង្ហូតកណ្ដាលនៅទំនេរបាន
- នៅជិត ឬត្រង់ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
- នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពាន ឬពេលចុះចំណោត
- នៅកន្លែងការដ្ឋាន
- នៅជិត ឬត្រង់កំណាត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
- នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ឬចុះអ័ព្ទខ្លាំង ឬដីហុយខ្លាំង
- នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច។
មាត្រា២១
- ក្នុងការជៀស:
១- អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់ស្ដាំដៃរៀងៗខ្លួន។
២- នៅមុនពេលជៀសគ្នា អ្នកបើកបរទាំងសងខាង ត្រូវជឿជាក់ថា ការជៀសគ្នានេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ។
៣- ដើម្បីជៀសគ្នា អ្នកបើកបរត្រូវអែបខាងស្ដាំដៃរៀងៗខ្លួន ដោយទុកផ្លូវទំនេរ នៅឆ្វេងដៃរបស់ខ្លួនឱ្យ បានធំបំផុតដែលអាចធ្វើទៅបាន។
៤- ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬនៅលើផ្លូវដែលអាចមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន។ ក្នុងករណីចាំបាច់ យានជំនិះទាំងពីរត្រូវឈប់ ហើយបើជាយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវដោយលើកដៃ ឬដោយស៊ីផ្លេនៅពេលថ្ងៃ ឬប្រើភ្លើងហ្វា កូតជាសញ្ញានៅពេលយប់ ហើយរង់ចាំយានជំនិះ ដែលមកពីមុខបញ្ចេញសញ្ញាយល់ព្រមឱ្យទៅមុន ទើបធ្វើដំណើរទៅបាន។ ប៉ុន្តែបើសិនជាយានប្រភេទខុសគ្នា អ្នកបើកបរយានធុនធំត្រូវទុកផ្លូវឱ្យយានដែលមានទំហំតូចជាងយានរបស់ខ្លួនធ្វើដំណើរទៅមុន។
៥- ពេលជៀសគ្នានៅលើផ្លូវតូចដែលបរបានយានជំនិះតែមួយ ហើយមានកន្លែងមួយ ដែលអាចជៀសគ្នាបាន យានជំនិះណាដែលមកដល់កន្លែងនេះមុន ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដែលអាចជៀសគ្នាបាន យានជំនិះណាដែលមកដល់កន្លែងនេះមុន ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដើម្បីទុកឱ្យ យានជំនិះមួយទៀតជៀសបានស្រួល។
៦- ក្នុងករណីទ្រូងផ្លូវចង្អៀត មិនអាចជៀសគ្នាបាន ហើយចាំបាច់មានយានណាមួយ ត្រូវថយក្រោយ ត្រូវអនុវត្តដូចខាងក្រោម:
ក- ចំពោះយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវ ហើយត្រូវមានការយល់ព្រមថយក្រោយពីយានមួយទៀត។
ខ- ចំពោះយានគ្មានសណ្ដោង និងយានមានសណ្ដោង យានគ្មានសណ្ដោងត្រូវថយក្រោយ។
គ- ចំពោះយានធុនស្រាល និងធុនធ្ងន់ យានធុនស្រាលត្រូវថយក្រោយ។
ឃ- ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញត្រូវថយក្រោយ។
៧- ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោត ត្រូវឈប់ដើម្បីទុកឱ្យយានជំនិះឡើងចំណោតទៅមុន។
៨- ក្នុងការជៀសគ្នា យានជំនិះណាមើលឃើញ នៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជាផ្លូវខូច ឬមានយានជំនិះឈប់ស្ងៀមយានជំនិះនោះត្រូវឈប់ ដើម្បីទុកឱ្យយានជំនិះមួយទៀតទៅមុន។
៩- នៅលើស្ពានចង្អៀត ដែលបើកបរ បានតែរថយន្តមួយគ្រឿង រថយន្តធុនធំត្រូវទុកសិទ្ធិឱ្យរថយន្តធុនស្រាលទៅមុន។
១០- មុនពេលជៀសគ្នា នៅពេលយប់ក្រៅពីទីប្រជុំជន ហើយគ្មានចង្កៀងអគ្គិសនីយានជំនិះទាំងពីរ ត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។
មាត្រា២២
- ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វដូចខាងក្រោមនេះ:
១- គ្រប់អ្នកបើកបរនៅពេលទៅជិតដល់ផ្លូវប្រសព្វ ត្រូវបន្ថយល្បឿន និងពិនិត្យមើលចលនាចរាចរណ៍នៅលើទ្រូងផ្លូវ ដែលខ្លួនត្រូវឆ្លងកាត់នោះហើយត្រូវធ្វើដំណើរឆ្លងកាត់ដោយប្រុងប្រយ័ត្នបំផុត បើផ្លូវខាងមុខមិនស្រឡះល្អ។ ក្នុងករណីចាំបាច់ ត្រូវធ្វើសញ្ញាឱ្យដំណឹងដល់អ្នកបើកបរ ដែលមកពីផ្លូវផ្សេងទៀត ដោយប្រើសញ្ញាសូរស័ព្ទពេលថ្ងៃ និងប្រើភ្លើងសញ្ញាកូត ហ្វាឆ្លាស់គ្នា នៅពេលយប់។ នៅលើផ្លូវបាត់សិទ្ធិ អ្នកបើកបរត្រូវបើកបរក្នុងល្បឿនមួយដែលអាចបញ្ឈប់យានខ្លួនបាន ដើម្បីផ្ដល់សិទ្ធដល់យានដែលនៅលើផ្លូវមានសិទ្ធិទៅមុន។
២- ទោះជានៅត្រង់ផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ដែលអនុញ្ញាតឱ្យធ្វើចរាចរណ៍ទៅមុខ បានក៏ដោយ ក៏អ្នកធ្វើបើកបរមិនត្រូវបើកចូលទៅក្នុងផ្លូវប្រសព្វឡើយ បើសិនជាអំពើនេះអាចតម្រូវឱ្យខ្លួនបញ្ឈប់យានជំនិះនៅក្នុងផ្លូវប្រសព្វដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។ ក្នុងករណីបែបនេះ អ្នកបើកបរត្រូវឈប់នៅមុខផ្លូវប្រសព្វ ដើម្បីកុំឱ្យ ស្ទះចរាចរណ៍យាន ដែលមកពីទិសផ្សេងទៀត។
៣- នៅផ្លូវប្រសព្វដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកសិទ្ធិឱ្យអ្នកបើកបរយានដែលមកពីស្ដាំរបស់ខ្លួនទៅមុន។ ប៉ុន្តែក្នុងករណីផ្លូវប្រសព្វបែកជាបីដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរយាននៅផ្លូវដែលចប់ត្រូវទុកសិទ្ធិឱ្យអ្នកបើកបរយាននៅលើផ្លូវបន្តទៅមុន។
៤- អ្នកបើកបរដែលទៅដល់រង្វង់មូល ទោះជាខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយ ត្រូវផ្ដល់អាទិភាពឱ្យអ្នកបើកបរដែលស្ថិតនៅក្នុងទ្រូងផ្លូវឯកទិសក្រវាត់រង្វង់មូលដែលមានសញ្ញាបង្ហាញទិសទៅមុន។
៥- នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញាសម្គាល់សិទ្ធិអាទិភាព អ្នកបើកបរ ត្រូវទុកផ្លូវឱ្យ យានជំនិះដែលស្ថិតនៅលើផ្លូវមានសិទ្ធិអាទិភាពធ្វើដំណើរទៅមុនហើយអាចឆ្លងកាត់ផ្លូវប្រសព្វនោះបាន តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៦- នៅពេលទៅដល់ផ្លូវប្រសព្វ ដែលមានដាក់សញ្ញា«ឈប់» អ្នកបើកបរត្រូវឈប់ស្ងៀម នៅមុខគំនូសកាត់ទទឹងទ្រូងផ្លូវ ដើម្បីទុកឱ្យយានជំនិះ និងថ្មើរជើងដែលនៅលើផ្លូវមានសិទ្ធិធ្វើដំណើរទៅមុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនេះ តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៧- ដោយឡែកអ្នកបើកបរត្រូវតែទុកឱ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចដោយឱ្យ សញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឱ្យ ដឹងពីការមកដល់របស់ខ្លួនទៅមុន។
៨- យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ:
- យានពន្លត់អគ្គិភ័យ
- យានសង្គ្រោះរបស់មន្ទីរពេទ្យ
- យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ។
៩- មុននឹងបើកបរចេញពីផ្លូវឯកជន ដែលមិនបើកឱ្យ ធ្វើចរាចរណ៍ជាសាធារណៈដូចជា ពីច្រកគេហដ្ឋាន រោងចក្រ អគារ ឬទីលានផ្សេងៗ អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវទុកសិទ្ធិអាទិភាពឱ្យយានជំនិះ ឬអ្នកថ្មើរជើង ដែលកំពុងធ្វើចរាចរណ៍លើផ្លូវបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈទៅមុន។
១០- អ្នកបើកបរចេញមកពីផ្លូវលំ ឬផ្លូវដី ត្រូវទុកសិទ្ធិឱ្យអ្នកបើកបរលើផ្លូវផ្សេងទៀត ដែលមិនមែនជាផ្លូវលំ ឬផ្លូវដីទៅមុន។
១១- នៅត្រង់ផ្លូវប្រសព្វ បើទ្រូងផ្លូវមួយ មានចែកជាច្រើនគន្លងផ្លូវ ហើយមានគន្លងផ្លូវមួយ ឬច្រើនត្រូវបម្រុងសម្រាប់យានជំនិះប្រភេទខ្លះធ្វើចរាចរណ៍ បទប្បញ្ញត្តិស្តីពីអាទិភាពចរាចរណ៍ដែលមានចែងក្នុងមាត្រានេះ ត្រូវអនុវត្តចំពោះអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើគន្លងផ្លូវ ប្រភេទនេះ លើកលែងតែយានជំនិះដែលមានចែងក្នុងចំណុចទី ៧ និងចំណុចទី ៨។
មាត្រា២៣
- ក្នុងការឆ្លងកាត់ផ្លូវរថភ្លើង:
១- អ្នកបើកបរត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- អ្នកបើកបរ មិនត្រូវបរយានជំនិះរបស់ខ្លួនកាត់ផ្លូវរថភ្លើងឡើយ បើដឹងថាយានជំនិះរបស់ខ្លួនមានបញ្ហាបច្ចេកទេស ឬស្ថានភាពចរាចរណ៍មិនអនុគ្រោះ អាចជ្រុលទៅនាំឱ្យស្ទះនៅកន្លែងនោះ។
៣- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ឬរបាំង អ្នកបើកបរមិនត្រូវបរចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។
៤- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងពុំមានរបារ ឬរបាំង ឬផ្លាកសញ្ញា ឬភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរអាចបើកបរកាត់ទីនោះបាន លុះត្រាជឿជាក់ថាពុំមានរថភ្លើងណាមួយមកដល់ឡើយ។
៥- នៅកន្លែងមានឆ្មាំ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវបើកបរត្រូវស្ដាប់បញ្ជាឆ្មាំ ហើយមិនត្រូវបង្កឱ្យមានឧបសគ្គដល់ការបិទបើករបារ ឬ របាំងឡើយ។
៦- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វពាហនៈកុំឱ្យឆ្លងផ្លូវកាត់ផ្លូវរថភ្លើងជាដាច់ខាត។
៧- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូប ត្រូវឈប់យ៉ាងតិច ២ ម៉ែត្រ ពីរបាំង ហើយបើគ្មានរបាំង មិនត្រូវឈប់តិចជាង ៥ ម៉ែត្រ ពីផ្លូវរថភ្លើងឡើយ។
៨- ក្នុងករណី ដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរ ឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយយ៉ាងណាកុំឱ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឱ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតនូវគ្រោះថ្នាក់ ដែលនឹងអាចកើតឡើងបាននោះ បើសិនជាខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន។
មាត្រា២៤
- ក្នុងការឈប់ និងការចត នៅលើផ្លូវថ្នល់:
១- គ្រប់យានជំនិះ ដែលឈប់ ឬចត មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផេ្សងៗទៀត ដែលកំពុងធ្វើចរាចរណ៍។
២- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម:
- ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវចត ឬឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្ដាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
៣- នៅក្រៅទីប្រជុំជន យានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវ បើអាចធ្វើទៅបាន។ បើគ្មានទីណាផ្សេងទៀត ដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី ២ នៃមាត្រានេះ។
៤- នៅពេលយប់ ឬនៅកន្លែងហាមឈប់ ឬចត គ្រប់រថយន្ត និងរ៉ឺម៉ក់ដែលខូចគាំង ឬត្រូវបង្ខំឱ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវដាក់សញ្ញាជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
៥- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើស ២៥ សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច៥ម៉ែត្រពីផ្លូវប្រសព្វ ឬ ផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច ១០ ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬចតយ៉ាងតិចបំផុត ១០ ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។
៦- ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្រ្វាំងដៃ ឬមានវិធានការផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាន។
៧- ការចត ឬឈប់យានជំនិះ ត្រូវហាមឃាត់ ក្នុងករណីដូចខាងក្រោម:
- នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលទុកបម្រុងឱ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥ ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើរជើង ឬនៅលើគំនូសនេះ
- លើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចត នៃយានប្រភេទខ្លះ
- នៅចន្លោះគែមទ្រូងផ្លូវ និងខ្សែបន្ទាត់បង្ហូត បើសិនជានៅចន្លោះខ្សែគំនូសបង្ហូត និងយានចតនេះតិចជាង ៣ ម៉ែត្រ ដែលមិនអាចឱ្យយានមួយផ្សេងទៀតបរ បានដោយឥតឆ្លងកាត់ ឬ ជាន់លើខ្សែគំនូសបង្ហូត
- នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឱ្យ បាំងភ្នែក អ្នកប្រើប្រាស់ផ្លូវ មិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ
- នៅគ្រប់ទីកន្លែងដែលយាននេះ ធ្វើឱ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត
- នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង លើផ្លូវប្រសព្វ លើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបាន
- នៅចន្លោះតិចជាង ២០ ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់
- នៅចន្លោះតិចជាង ១០ ម៉ែត្រពីមុខ និងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យ និងនៅមុខស្ថានីយអ្នកពន្លត់អគ្គិភ័យ
- លើច្រកចេញចូលនៃអគារសាធារណៈ
- នៅមុខច្រកចេញ ចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះ
- ជាពីរជួរទន្ទឹមគ្នា
- នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀត ដែលឈមមុខគ្នាជាកន្លែងទុក សម្រាប់ឱ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង
- នៅកន្លែងដែលមានសញ្ញាហាមឈប់ ឬហាមចត
- នៅលើទ្រូងផ្លូវថ្នល់លើសពី ៧២ ម៉ោង
- នៅចន្លោះតិចជាង ១០ ម៉ែត្រពីមុខ និងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់
- នៅចន្លោះតិចជាង ១ ម៉ែត្រពីមុខ ឬពីក្រោយរថយន្តដែលឈប់ ឬចតបន្តកន្ទុយគ្នា
- នៅជិតផ្លូវប្រសព្វ ឬផ្លូវបត់។
No comments:
Post a Comment