ច្បាប់ចរាចរណ៍ Part1
-បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
-បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រ កត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ
២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
-បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤
ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
-បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦
ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
-បានទ្រង់យល់ សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល
កម្ពុជា និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រកាសឱ្យប្រើ
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី២ ហើយដែលមានសេចក្ដីទាំងស្រុងដូចតទៅនេះ:
ច្បាប់
ស្ដីពី
ចរាចរណ៍ផ្លូវគោក
ជំពូកទី ១បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្របដណ្ដប់រាល់ការធ្វើចរាចរណ៍
លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២.-
ច្បាប់នេះមានគោលបំណង:
-រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលបើកឱ្យ
ធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
-ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
-ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន
-ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
មាត្រា ៣.-
អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឱ្យ បានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។
មាត្រា ៤.-
ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្ដាំជានិច្ច។ គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។
មាត្រា ៥.-
ដើម្បីអនុវត្តច្បាប់ចរាចរណ៍នេះ ពាក្យខាងក្រោមត្រូវកំណត់និយមន័យដូចតទៅ:
-ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា ផ្លូវ គឺជាទំហំទាំងមូលនៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬ ចិញ្ចើមផ្លូវ
-ពាក្យថា ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
-ពាក្យថា ជាយផ្លូវ គឺជាផ្នែកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
-ពាក្យថា ចិញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ប៉ុន្តែមិនអាចចតយានជំនិះនៅទីនោះបានទេ
-ពាក្យថា គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗឬ គំនូសបង្ហូតតាមបណ្ដោយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់ អាចឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ
-ពាក្យថា ទីប្រជុំជន គឺជាកន្លែងដែលមានអគារ ឬ គេហដ្ឋានសង់ជិតៗគ្នា ហើយផ្លូវចេញ ឬ ផ្លូវចូលនៅទីនោះ មានដាក់ផ្លាកសញ្ញាឈ្មោះទីប្រជុំជនសម្គាល់ ការចូល ឬ ឈ្មោះទីប្រជុំជនដែលមានគំនូសបន្ទាត់ទ្រូងពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
-ពាក្យថា ផ្លូវប្រសព្វ គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬ ច្រើនដែលមានផ្ទៃរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +,X,T,Y ឬ រង្វង់មូលជាដើម
-ពាក្យថា ផ្លូវរង្វង់មូល គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរ ឬ ច្រើន ហើយដែលនៅចំកណ្ដាលមានខឿន រូបចំណាក ឬ វិមានផ្សេងៗ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
-ពាក្យថា ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឱ្យធ្វើចរាចរណ៍ទូទៅជាសាធារណៈ
-ពាក្យថា ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោម:
ក-ផ្លូវឯកជនបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាផ្លូវបើកឱ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬ ជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ។
ខ-ផ្លូវឯកជនមិនបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬ ទីលានបរិវេណផ្សេងៗ។
-ពាក្យថា ផ្លូវលំ គឺជាផ្លូវដី ដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬ ឃុំនៅជនបទ
-ពាក្យថា ឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះខ្លួន ដើម្បីឱ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
-ពាក្យថា ចត គឺការទុកឱ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬ ឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន
-ពាក្យថា អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វនិងអ្នកបរសត្វនៅលើផ្លូវ
-ពាក្យថា យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្ដោង ឬ ត្រូវគេសណ្ដោង
-ពាក្យថា យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍
-ពាក្យថា យានយន្តុប្បករណ៍ គឺជាយានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមដោយគ្មានផ្ទុកមនុស្ស ឬ គ្មានផ្ទុកទំនិញ នៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៍ ឬ រថយន្តសម្រាប់បម្រើការងារសាងសង់ផ្លូវ ស្ពាន ជាដើម
-ពាក្យថា អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន និងអ្នកថ្មើរជើងដែលធ្វើដំណើរនៅលើផ្លូវ
-ពាក្យថា ទម្ងន់ទទេរបស់យាន គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬ គ្មានទំនិញ ប៉ុន្តែមានប្រេងឥន្ធនៈសម្រាប់ផ្ដល់ឱ្យយាន មានឧបករណ៍ជួសជុល និងកង់បម្រុង
-ពាក្យថា ទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
-ពាក្យថា ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។ បើសិនជាយានមានសណ្ដោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
-ពាក្យថា ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ។ បើសិនជាយានមានសណ្ដោងទម្ងន់សរុបអនុញ្ញាត អតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
-ពាក្យថា ទម្ងន់សរុបជាក់ស្ដែងរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់ស្ដែង
-ពាក្យថា រ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
-ពាក្យថា សឺមីរ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្ដោង។
ជំពូកទី ២
សញ្ញាចរាចរណ៍
មាត្រា ៦.-
សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។
ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកន្លែងមានសារៈប្រយោជន៍ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវ ដែលអាចធ្វើឱ្យអ្នក បើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬ របស់របរផ្សេងៗទៀត ឬ គូសវាសនៅលើផ្លាកសញ្ញា ឬ ប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឱ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬ ធ្វើឱ្យអ្នកបើកបរចាំងភ្នែក។
រូបភាព និងខ្លឹមសារស្ដីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
No comments:
Post a Comment